John 16

1ខ្ញុំបាន​ប្រាប់​សេចក្ដី​ទាំងនេះ​ដល់​អ្នករាល់គ្នាដើម្បីកុំ​ឲ្យ​អ្នករាល់គ្នា​ជំពប់ដួល 2ប៉ុន្តែនឹងមាន​ពេលមួយមកដល់ដែល​ពួកគេ​នឹង​បណ្ដេញអ្នករាល់គ្នា​ចេញ​ពី​សាលាប្រជុំ​រួច​ពួក​អ្នក​ដែល​សម្លាប់អ្នករាល់គ្នានឹកស្មានថា​គេ​ថ្វាយការបម្រើ​ដល់​ព្រះជាម្ចាស់ 3ប៉ុន្តែអ្វីៗ​ទាំងនេះ​ដែល​ពួកគេ​នឹង​ធ្វើ​ចំពោះ​អ្នករាល់គ្នា​គឺមកពីពួកគេមិនស្គាល់​ព្រះ​វរ​បិតាហើយក៏​មិន​ស្គាល់​ខ្ញុំ​ដែរ។ 4ដូច្នេះខ្ញុំ​ប្រាប់អ្នករាល់គ្នាអំពី​សេចក្ដី​ទាំងនេះដើម្បីកាលណាពេលវេលានោះមកដល់​នោះ​អ្នករាល់គ្នា​អាច​ចាំថាខ្ញុំ​បាន​ប្រាប់អ្នករាល់គ្នា​រួចហើយ។ ​ពីដំបូងខ្ញុំមិន​បាន​ប្រាប់អ្នករាល់គ្នា​អំពី​សេចក្ដី​ទាំងនេះទេព្រោះ​ខ្ញុំ​នៅជាមួយអ្នករាល់គ្នា

កិច្ចការ​​របស់ព្រះវិញ្ញាណបរិសុទ្ធ

5ប៉ុន្តែឥឡូវនេះ​ខ្ញុំ​ទៅ​ព្រះអង្គ​ដែល​បាន​ចាត់ខ្ញុំឲ្យមកហើយ​ក៏​គ្មាន​អ្នកណា​ម្នាក់ក្នុងចំណោមអ្នករាល់គ្នាសួរខ្ញុំថាតើ​ព្រះអង្គ​ទៅណា​ដែរ? 6ដ្បិតចិត្ដ​របស់​អ្នករាល់គ្នាពេញដោយសេចក្ដីព្រួយដោយសារ​ខ្ញុំ​ប្រាប់អ្នករាល់គ្នាអំពី​សេចក្ដី​ទាំងនេះ 7ប៉ុន្តែខ្ញុំប្រាប់អ្នករាល់គ្នា​អំពី​សេចក្ដីពិតថា​ការ​ដែល​ខ្ញុំទៅ​នោះ​វា​ល្អ​ប្រសើរ​សម្រាប់​អ្នករាល់គ្នា​វិញ​ដ្បិតបើខ្ញុំមិនទៅទេ​នោះ​អ្នកជំនួយ​ក៏​មិនមកអ្នករាល់គ្នា​ដែរ​ប៉ុន្តែបើ​ខ្ញុំ​ទៅ​វិញ​ខ្ញុំ​នឹង​ចាត់អ្នកជំនួយ​នោះ​ឲ្យមកអ្នករាល់គ្នា 8ហើយនៅពេល​អ្នក​ជំនួយ​នោះមក​ព្រះអង្គ​នឹង​ធ្វើ​ឲ្យ​មនុស្សលោកយល់អំពីបាប​សេចក្ដី​សុចរិតនិងការជំនុំជម្រះ 9អំពីបាប​គឺ​ដោយព្រោះពួកគេមិនជឿខ្ញុំ 10អំពីសេចក្ដី​សុចរិត​គឺ​ដោយព្រោះ​ខ្ញុំ​ទៅ​ព្រះ​វរ​បិតា​វិញ​ហើយ​អ្នករាល់គ្នា​មិនឃើញខ្ញុំទៀតទេ 11អំពីការ​ជំនុំជម្រះ​គឺ​ដោយព្រោះចៅហ្វាយរបស់លោកិយនេះ​ត្រូវ​ជាប់​ជំនុំ​ជម្រះ​ហើយ 12ខ្ញុំមាន​សេចក្ដី​ជាច្រើនទៀត​ដែល​ត្រូវ​ប្រាប់អ្នករាល់គ្នាប៉ុន្តែឥឡូវនេះ​អ្នករាល់គ្នា​ពុំអាចទទួលបានទេ 13នៅពេលព្រះអង្គ​ដែល​ជា​ព្រះ​វិញ្ញាណ​នៃ​សេចក្ដីពិតមកដល់​ព្រះអង្គ​នឹង​នាំអ្នករាល់គ្នាទៅក្នុងគ្រប់ទាំងសេចក្ដីពិតដ្បិត​ព្រះអង្គ​នឹង​មិនមានបន្ទូលតាមតែព្រះអង្គផ្ទាល់ទេផ្ទុយទៅវិញ​ព្រះអង្គ​នឹង​មានបន្ទូល​អំពី​អ្វី​ដែលព្រះអង្គ​បាន​ហើយ​ព្រះអង្គ​នឹង​បញ្ជាក់​ឲ្យ​អ្នករាល់គ្នាដឹង​អំពី​ហេតុការណ៍ដែល​ត្រូវ​មកដល់ 14ព្រះអង្គនឹង​តម្កើងខ្ញុំឡើងព្រោះ​ព្រះអង្គ​នឹង​ទទួលយក​អ្វីៗ​ជា​របស់​ខ្ញុំ​មក​ប្រាប់​ឲ្យ​អ្នករាល់គ្នាដឹង 15អ្វីៗដែល​ព្រះ​វរ​បិតាមាន​គឺ​ជារបស់ខ្ញុំហេតុនេះបានជា​ខ្ញុំ​ប្រាប់ថា​ព្រះអង្គ​នឹង​ទទួលយក​អ្វីៗ​ជា​របស់​ខ្ញុំ​មក​ប្រាប់​ឲ្យ​អ្នករាល់គ្នាដឹង

ទុក្ខព្រួយ​ត្រលប់​ជា​អំណរ​

16នៅ​បន្តិចទៀត​អ្នករាល់គ្នា​នឹង​លែងឃើញខ្ញុំទៀតហើយប៉ុន្តែបន្តិចក្រោយមក​អ្នករាល់គ្នា​នឹង​ឃើញខ្ញុំវិញ»។ 17ដូច្នេះពួក​សិស្សរបស់ព្រះអង្គខ្លះ​បាន​និយាយគ្នាថា៖ ​«តើ​មាន​ន័យ​យ៉ាង​ដូចម្ដេចដែល​ព្រះអង្គ​មានបន្ទូល​មក​យើងថា​នៅ​បន្តិចទៀតអ្នករាល់គ្នា​នឹង​លែងឃើញខ្ញុំទៀតហើយប៉ុន្តែបន្តិចក្រោយមកអ្នករាល់គ្នា​នឹង​ឃើញខ្ញុំវិញហើយ​មានបន្ទូល​ទៀត​ថា​ព្រោះ​ខ្ញុំ​ទៅ​ព្រះ​វរ​បិតា 18ពេលនោះពួកគេ​និយាយថា៖ ​«តើ​ព្រះអង្គ​ប្រាប់ថាបន្តិចទៀតនេះ​មាន​ន័យ​យ៉ាង​ដូចម្ដេច? ​យើងមិនយល់អ្វីដែល​ព្រះអង្គ​មានបន្ទូល​នោះ​ទេ»។ 19ប៉ុន្តែពេល​ព្រះ​យេស៊ូជ្រាបថា​ពួកគេ​ចង់សួរព្រះអង្គ​ព្រះអង្គ​មានបន្ទូល​ទៅ​ពួកគេថា៖ ​«តើ​អ្នករាល់គ្នា​កំពុង​សួរគ្នាអំពី​ពាក្យ​នេះ​ឬ​ដែល​ខ្ញុំ​ប្រាប់ថាបន្តិចទៀត​នេះ​អ្នករាល់គ្នា​នឹង​លែងឃើញខ្ញុំហើយប៉ុន្តែបន្តិចក្រោយមក​អ្នករាល់គ្នា​នឹង​ឃើញខ្ញុំវិញ? 20ខ្ញុំប្រាប់អ្នករាល់គ្នា​ជា​ពិតប្រាកដថាអ្នករាល់គ្នានឹងយំហើយកាន់ទុក្ខប៉ុន្តែលោកិយនេះ​នឹង​អរសប្បាយ។ ​អ្នករាល់គ្នា​នឹង​ព្រួយចិត្ត​ប៉ុន្តែ​សេចក្ដី​ទុក្ខព្រួយ​របស់​អ្នករាល់គ្នា​នឹង​ត្រលប់ជា​អំណរ​វិញ 21ដ្បិតពេលស្ត្រីសម្រាលកូន​នាង​ព្រួយចិត្តព្រោះពេលកំណត់​របស់​នាងមកដល់ប៉ុន្តែពេលសម្រាលកូន​ហើយ​នាង​ក៏​លែងនឹកចាំ​ពី​សេចក្ដីវេទនាទាំងនោះទៀតហើយព្រោះ​មាន​អំណរដែលមនុស្សម្នាក់​បាន​កើតមកក្នុងពិភពលោកនេះ 22ឥឡូវនេះអ្នករាល់គ្នាព្រួយចិត្ត​មែន​ប៉ុន្តែ​ខ្ញុំ​នឹង​ជួបអ្នករាល់គ្នាម្ដងទៀតហើយចិត្ដ​របស់​អ្នករាល់គ្នា​នឹង​អរសប្បាយ​វិញ​រួចគ្មាន​អ្នក​ណាដក​យក​អំណរ​នេះ​ពីអ្នករាល់គ្នាបាន​ឡើយ 23ហើយនៅថ្ងៃនោះអ្នករាល់គ្នាលែងសួរអ្វីខ្ញុំទៀតហើយ។ ​ដូច្នេះ​ខ្ញុំ​ប្រាប់អ្នករាល់គ្នា​ជា​ពិតប្រាកដថាអ្វីៗដែល​អ្នករាល់គ្នា​សុំពី​ព្រះ​វរ​បិតាដោយនូវឈ្មោះ​របស់​ខ្ញុំ​នោះ​ព្រះអង្គ​នឹង​ប្រទាន​ដល់​អ្នករាល់គ្នា 24រហូតមក​ទល់ពេលនេះ​អ្នករាល់គ្នា​មិន​ដែល​បាន​សូមអ្វីដោយនូវឈ្មោះខ្ញុំទេ! ​ចូរ​សូមចុះនោះ​អ្នករាល់គ្នា​នឹង​បាន​ហើយ​អំណរ​របស់​អ្នករាល់គ្នា​នឹង​បានពេញបរិបូរ

ព្រះយេស៊ូនឹង​មាន​ជ័យ​ជំនះ​

25ខ្ញុំ​ប្រាប់អ្នករាល់គ្នាជា​រឿង​ប្រៀបប្រដូច​អំពី​សេចក្ដី​ទាំងនេះ​ប៉ុន្តែ​កាលណាពេលកំណត់មកដល់​ខ្ញុំ​លែងនិយាយ​នឹង​អ្នករាល់គ្នាជា​រឿង​ប្រៀបប្រដូចទៀតហើយផ្ទុយទៅវិញ​ខ្ញុំ​នឹង​ប្រាប់អ្នករាល់គ្នាយ៉ាងច្បាស់អំពី​ព្រះ​វរ​បិតា 26ហើយនៅថ្ងៃនោះ​អ្នករាល់គ្នា​នឹង​សុំដោយនូវឈ្មោះ​របស់​ខ្ញុំហើយ​ខ្ញុំ​មិនប្រាប់អ្នករាល់គ្នាថាខ្ញុំ​នឹង​សុំ​ព្រះ​វរ​បិតាជំនួសអ្នករាល់គ្នាទេ 27ដ្បិតព្រះ​វរ​បិតាផ្ទាល់ស្រលាញ់អ្នករាល់គ្នាព្រោះអ្នករាល់គ្នាស្រលាញ់ខ្ញុំហើយជឿថាខ្ញុំ​បាន​មកពីព្រះជាម្ចាស់ 28ខ្ញុំបាន​មកពី​ព្រះ​វរ​បិតាហើយចូលមកក្នុងលោកិយនេះ​ដូច្នេះ​ខ្ញុំ​នឹង​ចេញពីលោកិយនេះហើយទៅ​ព្រះ​វរ​បិតា​វិញ»។ 29ពួកសិស្សរបស់ព្រះអង្គទូលថា៖ ​«មើល៍ឥឡូវនេះ​ព្រះអង្គ​មានបន្ទូលដោយច្បាស់លាស់មិន​បាន​មានបន្ទូល​ជា​រឿងប្រៀបប្រដូចទៀតទេ 30ហើយឥឡូវនេះយើងដឹងថាព្រះអង្គជ្រាប​អំពី​អ្វីៗ​ទាំងអស់ដោយមិនចាំបាច់​មាន​អ្នកណាម្នាក់សួរព្រះអង្គឡើយដូច្នេះហើយ​យើង​ជឿថា​ព្រះអង្គ​បាន​មកពីព្រះជាម្ចាស់​មែន»។ 31ព្រះយេស៊ូមានបន្ទូល​ទៅ​ពួកគេថា៖ ​«ឥឡូវនេះ​តើ​អ្នករាល់គ្នាជឿ​ហើយ​ឬ? 32មើល៍ពេលកំណត់​ដែល​ត្រូវ​មកដល់​នោះ​បាន​មកដល់ហើយ​គេ​នឹង​ធ្វើឲ្យ​អ្នករាល់គ្នា​ខ្ចាត់ខ្ចាយ​ទៅ​រៀងៗខ្លួន​ហើយ​ទុកឲ្យខ្ញុំនៅតែឯងប៉ុន្តែខ្ញុំមិននៅតែឯងទេព្រោះ​ព្រះ​វរ​បិតា​គង់​នៅជាមួយខ្ញុំ 33ខ្ញុំប្រាប់អ្នករាល់គ្នាអំពី​សេចក្ដី​ទាំងនេះដើម្បី​ឲ្យ​អ្នករាល់គ្នា​មានសេចក្ដីសុខសាន្តដោយសារខ្ញុំ។ ​អ្នករាល់គ្នា​មានសេចក្ដីវេទនានៅក្នុងលោកិយ​នេះ​មែន​ប៉ុន្តែ​ចូរ​អរសប្បាយឡើង​ដ្បិត​ខ្ញុំឈ្នះលោកិយនេះ​ហើយ»។
Copyright information for KhmKCB